ក្នុងសុន្ទរកថាបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិត ហៀង សុធារ៉ា បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាចំណុចស្នូលសម្រាប់ការផ្លាស់ប្តូរវិស័យអប់រំ និងសង្គមទំនើប។ ឯកឧត្តមបានបញ្ជាក់ថា សាកលវិទ្យាល័យ ទួនហ្វា ជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សា ដែលផ្តល់កម្មវិធីថ្នាក់បរិញ្ញាបត្រស្របតាមស្តង់ដារជាតិ និងតំបន់ មានសក្តានុពលក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស សាកលវិទ្យាល័យ ទួនហ្វា គឺជាស្ថាប័នទីមួយដែលជ្រើសរើសភាសាចិនជាភាសាបរទេសគោល សម្រាប់ការសិក្សារបស់និស្សិត ដើម្បីឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមក៏បានបញ្ជាក់ថា សាកលវិទ្យាល័យ ទួនហ្វា កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចូលបច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថលទៅក្នុងកម្មវិធីសិក្សា ដោយផ្តោតលើការប្រើប្រាស់ AI ដើម្បីលើកកម្ពស់គុណភាពអប់រំ ការស្រាវជ្រាវ និងបង្កើតបរិយាកាសសិក្សាឆ្លាតវៃសម្រាប់សិស្សនិស្សិត។
បាឋកថានេះមានវាគ្មិនចំនួន៣រូប៖
លោក ណុប ផល, អនុប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញទស្សនវិស័យស្តីពីការអភិវឌ្ឍ AI នៅតំបន់ និងពិភពលោក និងឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងសេដ្ឋកិច្ចឌីជីថល។
លោក ឡៅ ម៉េង, សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន បានពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ AI ក្នុងវិស័យអប់រំ ដូចជា ការសិក្សាផ្ទាល់ខ្លួន ការវាយតម្លៃសមត្ថភាពសិស្សដោយស្វ័យប្រវត្តិ និងការបង្កើតមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិត ជា មុនីឫទ្ធិ, សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីសារៈសំខាន់នៃសន្តិសុខ Cyber និងការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ លោកបានចែករំលែកពីការសម្របសម្រួលសហការជាមួយបណ្តាគ្រឹះស្ថានអប់រំ និងសង្គមស៊ីវិលចិន ដើម្បីនាំយកបណ្ណបណ្ណាល័យអេឡិចត្រូនិកថ្មីៗសម្រាប់ការសិក្សា និងស្រាវជ្រាវរបស់និស្សិតកម្ពុជា ដែលធ្វើឲ្យការសិក្សា និងការស្រាវជ្រាវរបស់សិស្សនិស្សិតកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីក៏មានវគ្គសំណួរ-ចម្លើយ ដែលអនុញ្ញាតឲ្យសិស្ស-និស្សិតរបស់សាកលវិទ្យាល័យ ទួនហ្វា ដែលពោរពេញដោយពុទ្ធិនិងបទពិសោធន៍ផ្នែកវិទ្យាសាស្រ្តធម្មជាតិ ជាពិសេសការយល់ដឹងយ៉ាងស៊ីជម្រៅពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងមានភាពស្ទាត់ជំនាញលើការឈ្វេងយល់ពីAI បានចូលរួមពិភាក្សា និងបង្ហាញមតិយោបល់យ៉ាងសកម្មនិងផុលផុស។
តាមរយៈបាឋកថានេះ សាកលវិទ្យាល័យ ទួនហ្វា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យអប់រំឌីជីថល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI ឲ្យមានប្រសិទ្ធភាព សុវត្ថិភាព និងច្នៃប្រឌិត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត ស្របតាមពាក្យស្លោករបស់ខ្លួន «សាកលវិទ្យាល័យ ទួនហ្វា ផ្តល់ការអប់រំកម្រិតឧត្តមសិក្សាជាមួយថ្នាក់បរិញ្ញាបត្រស្របតាមស្តង់ដារជាតិ និងតំបន់»៕