កុមារាមកពីខេត្តកោះកុង ទទួលបានការវះកាត់ដុំសាច់ដោយជោគជ័យ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ដោយក្ដីមេត្តាធម៌ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើសុខុមាលភាពរបស់កុមារកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកកុមារា ឡូត ធីមមុត មកទទួលការពិនិត្យ និងព្យាបាលជាបន្ទាន់។

កុមារា ឡូត ធីមមុត អាយុ ៦ឆ្នាំ ជាសិស្សនៃសាលាបឋមសិក្សាកោះកាង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានរកឃើញថាមានជំងឺដុំខ្លាញ់ក្រោមចង្កា (Lipomatous Neoplasm)។ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ក្រុមគ្រូពេទ្យជំនាញនៃសមាគម TYDA ប្រចាំមន្ទីរពេទ្យកុមារជាតិ បានអនុវត្តការវះកាត់ជូនកុមារាប្រកបដោយជោគជ័យ និងសុវត្ថិភាពជាទីបំផុត។

គួររំលឹកផងដែរថា រាល់ការចំណាយលើការព្យាបាល ការវះកាត់ ថ្លៃអាហារហូបចុកប្រចាំថ្ងៃ រួមទាំងការធ្វើដំណើរពីខេត្តមកកាន់រាជធានីភ្នំពេញ គឺត្រូវបាន សម្តេចធិបតី និង លោកជំទាវបណ្ឌិត ផ្ដល់ការឧបត្ថម្ភ និងទំនុកបម្រុងទាំងស្រុង។

ស្ថិតក្នុងក្ដីរំភើបរីករាយឥតឧបមា អាណាព្យាបាល និងសាមីខ្លួនកុមារាផ្ទាល់ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពអរគុណដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែផ្ដល់នូវក្ដីសង្ឃឹម និងការសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសការយកចិត្តទុកដាក់លើអនាគតរបស់កុមារកម្ពុជា។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។