ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយកម្ពុជា និងសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិមាតុភូមិ នៅបរិវេណព្រះអង្គដងកើ និងវត្តភ្នំដូនពេញ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងប្រតិភូអមដំណើរ បានអុជធូប និងថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គដងកើ, ព្រះគម្លង់, លោកតាដំបងដែក, លោកតាព្រះចៅ និងព្រះវិហារតូច។
ទន្ទឹមនឹងនេះ សម្ដេចព្រះពោធិវ័ង្ស និងសម្តេចកិត្តិសង្គហបណ្ឌិត បានតាំងចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះស្វេតច្ឆ័ត្រ និងទេវតាថែរក្សាចក្រវាល សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីមង្គលជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន ជៀសផុតពីជំងឺតម្កាត់ ឧបទ្រពចង្រៃ និងគ្រោះធម្មជាតិនានា ព្រមទាំងបួងសួងឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លា។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងទ្វេ ក៏បានបួងសួងជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជាពិសេស បានបួងសួងសុំឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» និង «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨» ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕