ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបជម្រាបលាប្រធានតំណាង JICA ចាស់ និងស្វាគមន៍សមាសភាពប្រធានតំណាងថ្មី ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបជម្រាបលាប្រធានតំណាង JICA ចាស់ និងស្វាគមន៍សមាសភាពប្រធានតំណាងថ្មី ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិការងារដោយជោគជ័យ។

 ក្នុងឱកាសនោះដែរ លោក Sanui Kazumasa ក៏បានណែនាំលោកស្រី Iwama Nozomi ដែលនឹងមកទទួលតំណែងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា ដើម្បីបន្តវេនដឹកនាំ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងជំនួបនោះ លោក Sanui Kazumasa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រដល់បេសកកម្មរបស់ JICA នាពេលកន្លងមក ដែលជាកត្តាធ្វើឱ្យការបំពេញការងាររយៈពេល ៣ឆ្នាំ និង ៦ខែ របស់លោកនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរកាន់តែរឹងមាំលើគ្រប់វិស័យ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Sanui Kazumasa ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការសម្របសម្រួល និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា ជាពិសេសគឺគម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ។ សមិទ្ធផលលេចធ្លោទាំងនេះ មិនត្រឹមតែជាកម្លាំងចលករជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Iwama Nozomi ក្នុងឱកាសទទួលតំណែងជាប្រធានតំណាងថ្មីរបស់ JICA ដោយបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា លោកស្រីនឹងបន្តថែរក្សាវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីជំរុញចំណងមិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីថា ក.អ.ក. ត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តគាំទ្រ និងសម្របសម្រួលរាល់គម្រោងអភិវឌ្ឍន៍អាទិភាពរបស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕

Kim Panha
Official Verified Account