កម្ពុជានិងប្រទេសចំនួនបានហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ថា ក្នុងនាមលោកផ្ទាល់សូមចូលរួមអបអរសាទរជាមួយប្រទេសជិតខាងកម្ពុជា ដែលបានដាក់ឱ្យអនុវត្តន៍នូវបំរាមយាមឃាត់មិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs)នេះ ។ 

លោកបន្តថា នៅប្រទេសកម្ពុជាដូចជាបណ្តាប្រទេសនានាលើពិភពលោកដែរ គឺបានគិតគូរពីសុខភាពប្រជាពលរដ្ឋ ជាពិសេសយុវជន ព្រោះពួកគាត់កំពុងត្រូវការក្រេបជញ្ជក់នូវចំណេះដឹងផ្សេងៗដើម្បីក្លាយជាទំពាំងស្នងឫស្សីប្រទេសជាតិទៅថ្ងៃអនាគត។

សំឡេង៖ « អ៊ីចឹងប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបានលុះត្រាតែយុវជនរបស់យើងហ្នឹងមានសុខផាពល្អ ហើយសុខភាពល្អនោះ ទាល់តែយុវជនទាំងអស់នោះកុំទៅពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន អំពើអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ក៏ដូចជាពេលវេលា និងអនាគតរបស់ពួកគេ។»

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំចំនួនពីររួចមកហើយ ទី១ គឺ ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់ការការប្រើប្រាស់ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅកម្ពុជា និងទី២ សេចក្តីណែនាំស្តីពីការចាត់វិធានការបង្ការ  ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ឧបករណ៍អេចឈ៍ ធី ភី (HTPs)។ 

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បញ្ជាក់ទៀតថា ក្រៅពីសេចក្តីណែនាំទាំងពីរខាងលើនេះ គឺក្រសួងអប់រំយុវជន និងកីឡាកំពុងតែធ្វើការតម្លើងកម្រិតការហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និង ផលិតផលអេចឈ៍ ធី ភី ស៊ីហ្សា ទៅជាកម្រិតថ្នាក់រាជរដ្ឋាភិបាលតែម្ដង ពោលគឺនឹងចេញជាអនុក្រឹត្យហាមឃាត់តែម្ដង។

ថ្មីៗនេះ សម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) សូមអបអរសាទរចំពោះរដ្ឋសភាវៀតណាម ដែលបានអនុម័តសេចក្តីសម្រេចហាមឃាត់ការលក់ ការនាំចូល ការស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs)។ ការហាមឃាត់នេះដែលនឹងចូលជាធរមាននៅឆ្នាំ 2025 ត្រូវបានអនុម័តដោយសមាជិកសភាភាគច្រើនលើសលប់រហូតដល់ 95.62% ហើយនេះជាសក្ខីកម្មចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាវៀតណាមក្នុងការការពារសុខភាពសាធារណៈ ជាពិសេសក្នុងចំណោមយុវជន។ ប្រទេសវៀតណាមបានក្លាយជាប្រទេសទី 30 ដែលបានហាមឃាត់ប្រភេទផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs)នេះ រួមទាំងប្រទេសអាស៊ានចំនួន5 ផ្សេងទៀត (ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី និងថៃ)។

លើសពីនេះ ស្របពេលដែលមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដែលអះអាងថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ រួមមាន៖ បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី HTPs) ជាម៉ាស៊ីនផ្ដាច់បារី  ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សរួចបាត់ទៅហើយ។ បារីអេឡិចត្រូនិច បញ្ចេញចំហាយជាផ្សែង ដែលផ្ទុកសារធាតុគ្រោះថ្នាក់មួយចំនួនដូចជា លោហធាតុធ្ងន់ ផ្សែងពុល សារធាតុគីមីបង្កជំងឺមហារីក ដែលបណ្តាលឱ្យខូចកោសិកា ប៉ះពាល់ដល់សរីរាង្គបន្តពូជ និងបង្កើនហានិភ័យនៃការខូចសួត ជំងឺបេះដូង និងការឆ្លងមេរោគដទៃទៀត៕

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។