ព្រែកជីកហ្វូណនតេជោ កំណាត់ទី១ សម្រេចបាន ៧៦% ហើយ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយ«ព្រែកជីកហ្វូណនតេជោ» សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។ លទ្ធផលរយៈពេល ៧ថ្ងៃ របស់ក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប ១០៨ ចំណុច ក្នុងចំណោម ១៤២ចំណុចដែលបានគ្រោង ឬស្មើនឹងជាង ៧៦%

គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី។

សូមជម្រាបផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ជាមួយគ្នានេះ ការសាងសង់គម្រោងផ្លូវទឹកថ្មី ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

 

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។